Tuesday, June 14, 2011

ជំនឿវិញ្ញាណនិយម (Animism)

មេមត់ អារក្ស អ្នកតា ព្រះភូមិ ជំនាងផ្ទះ ម្រេញគង្វាល ជាដើម ជាវិញ្ញាណសក្តិសិទ្ធិទាំងឡាយ នៅក្នុងជំនឿអ្នកតា ឬជំនឿវិញ្ញាណនិយម (Animism) ដែលមានអាយុយូរអង្វែង នៅក្នុងទឹកដីខ្មែរ មុនសម័យព្រាហ្មញ្ញសាសនា និងពុទ្ធសាសនា ហើយក៏នៅមានឥទ្ធិពលបន្តរហូតមកដល់សព្វថ្ងៃនេះ នៅក្នុងទឹកដីអាស៊ីអាគ្នេយ៍ ដូចជា នៅលាវ ថៃ និងប្រទេសខ្មែរជាដើម។ នៅក្នុងជំនឿវិញ្ញាណនិយម គេគោរពអ្នកតា (អ្នករក្សាព្រៃភ្នំនិងសត្វ ដែលរស់នៅអាស្រ័យព្រៃភ្នំ ជាជម្រក) អារក្ស (អ្នករក្សាទឹ និងសត្វដែលរស់នៅអាស្រ័យទឹកជាជម្រក) មេមត់ (អ្នករក្សាវិន័យនិងរបៀបរៀបរយ
ប្រចាំមណ្ឌលរស់នៅ) ព្រះភូមិ (អ្នករក្សាដីភូមិចំការដំណាំ) ជំនាងផ្ទះ (អ្នករក្សាការពារលំនៅស្ថាន) ម្រេញគង្វាល (អ្នករក្សាកុមារនិងជនដែលមិនអាចជួយខ្លួនឯងបាន ដូចជាអ្នកពិការនិងចាស់ជរា)។ នៅជំនាន់ដើម ពេលមានអ្នកភូមិណាមួយ ធ្វើអ្វីខុសឆ្គង ខុសទម្លាប់របស់អ្នកភូមិ ដែលគេគិតថា ជាទង្វើអវិជ្ជមាន នាំសៅហ្មង ដល់ការរស់នៅក្នុងភូមិ គេធ្វើពិធីហៅ ព្រលឹងមេមត់ មកប្រដៅមនុស្សដែលមានកំហុសនោះ ដោយពន្យល់ប្រាប់ នូវវិធីប្រដៅកែកុន ដាក់ទណ្ឌកម្ម ឬហាមប្រាម កុំអោយធ្វើខុសទៀត ឬដើម្បីបណ្តេញ ជាតិខ្មោចព្រាយបិសាច ដែលកាន់កាប់ខ្លួនអ្នកទោសនេះ អោយចេញពីខ្លួនទៅវិញ រួចហើយ គេចងអំបោះឆៅពណ៌ក្រហម អោយជននោះ ជាដំណាង ការទទួលពរជ័យថ្មី ថាខ្លួនបានចាកផុត ពីឥទ្ធិពលបិសាចសន្ធប់ព្រលឹងហើយ។

នៅពេលមានចម្បាំង តទល់នឹងបច្ចាមិត្រ គេធ្វើពិធី ចូលព្រលឹងអ្នកតា ឬចូលអារក្ស ដើម្បីតម្លើងឬទ្ធិអំណាច ពង្រឹងស្មារតី និងភាពក្លាហានរបស់ មេកន្ទ្រាញនិងកងទ័ព ដែលត្រូវចេញច្បាំង ដោយមានបំពាក់ កន្សែងយន្ត័ពណ៌ក្រហមនៅក ឬពាក់ខ្សែក ខ្សែដៃ ខ្សែចង្កេះ មានបន្តោង ឬអង្កាំ ធ្វើពីភ្លុកដំរី ចែជ្រូកព្រៃ ខ្នាយរមាស ត្រឡោកដូង ខ្លឹមចន្ទ័ ខ្លឹមក្រញូង ខ្លឹមម្រះព្រៅ ជាដើម។

នៅតាមទន្លេ ស្ទឹង បឹងធំៗ គេតែងសង់រោងអារក្ស ដើម្បីគោរពវិញ្ញាណដែលរក្សាទឹក។ តាមព្រៃភ្នំ គេសង់ខ្ទមអ្នកតា។ នៅតាមដីចំការនិងដីភូមិ គេសង់ខ្ទមព្រះភូមិ។ នៅក្នុងផ្ទះ គេមានហឹងមានថូដាក់ជើងធូប សម្រាប់គោរពជំនាងផ្ទះ និងថាសដាក់នំដាក់ស្ករគ្រាប់ សម្រាប់សែនម្រេញគង្វាល។ ចំណែកខ្ទមមេមត់ គេតែងសង់នៅកណ្តាលភូមិ មានទីធ្លាធំសម្រាប់ប្រជុំញាតិ ព្រោះជាកន្លែងសម្រាប់អារកាត់ទោស និងការផ្តល់នូវការអប់រំនានា ទាក់ទងទៅនឹងវិន័យនិងការរក្សាសណ្តាប់ធ្នាប់ប្រចាំភូមិ។

នៅក្នុងជំនឿវិញ្ញាណនិយមនេះ គ្មានស្ថានសួគ៌ទេ មានតែស្ថានមនុស្ស និងស្ថាននរក (ទីដាក់ទោសព្រលឹងមនុស្សស្លាប់ អោយទទួលទោសកំហុស ដែលខ្លួនធ្លាប់ធ្វើខុសកាលនៅរស់ គ្រប់ទោសរួចហើយទើបអាច វិលមកចាប់កំណើត ជាមនុស្សម្តងទៀតបាន)។ នៅពេលមានមនុស្សស្លាប់ គេតែងកាប់សត្វ ដើម្បីអោយវិញ្ញាណសត្វទាំងនោះ ជួយហែហម ព្រលឹងមនុស្សស្លាប់ អោយទៅដល់ស្ថាននរក មិនអោយវង្វេងបាត់តាមផ្លូវ ឬក៏មានការកាប់សត្វ ការព្រលែងសត្វពីទ្រុង ឬការសូន្យរូបដើម្បីឧបកិច្ច រំដោះព្រលឹងបិសាចចេញពីមនុស្សឈឺ ជាដើម។ល។ អ្នកស្រុកដែលមានជំនឿលើ វិញ្ញាណនិយម តែងចាត់ទុក មេធ្មប់ ជាមេកន្ទ្រាញនៃវិញ្ញាណអាក្រក់មួយ (ដូចជាយមរាជដែរ)ដែលតាម យាយីជីវិតមនុស្ស អោយសៅហ្មងរលំរលាយ។ ចំណែក ពពួកព្រាយ ពពួកអាប គ្រាន់តែជាវិញ្ញាណតូចតាច (ប្រៀបដូចជាសេនា) ដែលមានបាបច្រើន មិនទាន់អាចទៅចាប់កំណើតឯណាបាន។​ ម៉្យាងទៀត នៅក្នុង ជំនឿអារក្សអ្នកតា គ្មានបិសាចនិងយក្សទេ ព្រោះជំនឿបិសាចនិងយក្សនេះ បានឆ្លងមកឥណ្ឌូចិនពីប្រទេសឥណ្ឌា តាមរយៈជំនឿផ្សេងៗទៀត។

ចំណែកការលេងភ្លេងមេមត់អារក្ស ក៏មានលំដាប់លំដោយ ទៅតាមពិធី ដែលមេកន្ទ្រាញនិងអ្នកភូមិត្រូវការ។ នៅក្នុងវង់ភ្លេងអារក្ស យើងសង្កេតឃើញ មានគេប្រើទ្រខ្មែរ (ទ្រឆែ) កេន ចាប៉ីដងវែង ចាប៉ីខ្សែដៀវ ស្នែង ព្លយ ខ្យងស័ង្ខ គងមង (គងឈ្មោល) គងញី ត្រដោក ក្រាប់ញី ក្រពះ(ឬក្រាប់ឈ្មោល) សំភោរ ស្គរភេរី ស្គរដៃ ស្គរណាំងសា និងគ្រឿងភ្លេង មួយចំនួនទៀត (ដែលខ្ញុំភ្លេចឈ្មោះ)។ គ្រឿងភ្លេងនោះទៀត ក៏មានចំនួន តិចឬច្រើន ទៅតាមតម្រូវការ របស់អ្នកភូមិ និងទៅតាមទីតំបន់ដែលគេរស់នៅ ឧទាហរណ៍ ពិធីរំដោះគ្រោះ ពិធីតម្លើងរាសី ពិធីដាក់ទណ្ឌកម្ម ពិធីរំលឹកគុណដូនតា ពិធីគោរពវិញ្ញាណក្ខន្ធ័សក្តិសិទ្ធិ នៅរតនគីរី ខុសពីនៅឧត្តរមានជ័យ ខុសពីនៅ កោះកុង។ល។

នៅក្នុងជំនឿវិញ្ញាណនិយម ធ្មប់ ជាមេកន្ទ្រាញនៃវិញ្ញាណ (ដូចជាយមរាជមួយដែរ)ដែលតាមយាយីជីវិតមនុស្ស អោយសៅហ្មងរលំរលាយ។ ចំណែក ពពួកព្រាយ ពពួកអាប គ្...រាន់តែជាវិញ្ញាណតូចតាច (ប្រៀបដូចជាសេនា) ដែលមានបាបច្រើន មិនទាន់អាចទៅចាប់កំណើតបាន។

នៅក្នុងជំនឿបុរាណនេះ គ្មានបិសាចនិងយក្សទេ។ ជំនឿថាមានបិសាចនិងយក្ស បានឆ្លងមកពីប្រទេសឥណ្ឌា តាមរយៈជំនឿផ្សេងៗទៀត ក្រោយៗបន្តបន្ទាប់មក ហើយត្រូវគេចាត់ទុកពពួកនេះ ទៅក្នុងជំពូកវិញ្ញាណយាយី មិនមែនជាវិញ្ញាណថែរក្សាសង្គមឡើយ។

ដោយអ្នកស្រីកែវចន្ទ័បូរណ៍

No comments:

Post a Comment