Saturday, June 11, 2011

តាព្រហ្មឈ្មួញគោ

តាព្រហ្មមួយទៀត, នៅក្នុងប្រវត្ដិសាស្រ្ដខ្មែរ គឺតាព្រហ្មឈ្មួញគោ។ តាព្រហ្មឈ្មួញគោជាព្រះមហាក្សត្រមួយព្រះនៃ





ប្រទេសកម្ពុជា ពង្សាវតាររបស់សំដេចវាំងជួន មិនបានរៀបរាប់និយាយអំពីស្ដេចអង្គនេះទេ តែពង្សាវតារខ្លះទៀត ដូច

ពង្សាវតារវត្ដទឹកវិលជាដើម បានលើកយកប្រវត្ដិព្រះអង្គមកអធិប្បាយយ៉ាងពិស្ដារ។

កាលនោះ, ក្រោយដែលសោយរាជសម្បត្ដិ នៅប្រទេសកម្ពុជាបាន៤៩ឆ្នាំ ស្ដេចតាក្រែង រឺ ព្រះបាទសិង្ហក័ង្ហា, ក្សត្រខ្មែរ ទី២២, បានចូលទីវង្គតក្នុងព្រះជន៨៦វស្សា បុត្ររបស់ព្រះអង្គព្រះនាមសេន្នករាជ្យ រឺ ស្ដេចពាល ដែលទើបតែអាយុ
១៦ឆ្នាំ បានឡើងសោយរាជបន្ដ សោយរាជបាន១០ឆ្នាំ ស្ដេចពាលក៏ចូលទីវង្គតទៀត, ដោយគ្មានទុកនូវបុត្រាបុត្រីសំរាប់ បន្ដរាជ្យឡើយ។ នៅចំពោះព្រឹត្ដិការណ៍ដូច្នេះ នាម៉ឺនមុខមន្រ្ដីទាំងឡាយនាំគ្នារៀបចំកោះប្រជុំអស់ព្រះរាជ្យវង្សានុវង្ស ដើម្បីជ្រើសរើសរកស្ដេចអង្គណាមួយ ដែលមានសមត្ថភាព បុណ្យបារមី អាចនឹងឡើងសោយរាជសម្បត្ដិគ្រប់គ្រង ដឹកនាំប្រទេសខ្មែរតទៅអានាគត។

និទានកាលនោះវិញ, នៅស្រុកឈើទាលប្រអោប ក្នុងខេត្ដសំរោងទង មានប្ដីប្រពន្ធពីរនាក់រស់នៅដោយក្ដីសុខសាន្ដ
ប្ដីឈ្មោះ ប្រាជ្ញ ប្រពន្ធឈ្មោះនាងតន់។ ក្នុងឆ្នាំម្សាញ់ ព.ស១៣៩២ត្រូវជាគ.ស៨៤៩ បើតាមពង្សាវតារវត្ដទឹកវិល នាង
តន់សំរាលបានកូនប្រុសមួយ អាយុទើបតែបានប្រមាណបីខែ ស្រាប់តែទារកនោះបាត់ខ្លួន ដោយអាថិកំបាំងជាទីបំផុត
ទោះបីជាគេខំរកដូម្ដេចក៏រកមិនឃើញដែរ។

៣៥ឆ្នាំកន្លងមក បុរសម្នាក់ចេញមុខលេចមករកជួបអ្នកប្រាជ្ញ និង នាងតន់, ដោយបញ្ជាក់ថា ខ្លួននេះហើយជាកូន ខ្លួន
មកនេះគឺដើម្បីបំរើអូវពុកម្ដាយដែលកាន់តែចាស់ជរា បុរសជាកូនបានរៀបរាប់ជំរាបជូនមាតាបិតា អំពីបុព្វហេតុនៃ
ការបាត់ខ្លួន និង ព្រឹត្ដិការណ៍អស្ចារ្យ ដែលអ្នកសច្ចំបានរើសយកទៅចិញ្ចឹម បង្ហាត់បង្រៀនអប់រំប្រៀនប្រដៅអស់គ្រប់
មុខវិជ្ជា វេទមន្ដសីលសាស្រ្ដដែលធ្វើអោយខ្លួនគេមានកំលាំងពលំមាំមួន ខ្លាំងក្លាស្មើនិងដំរីសារប្រាំពីរ។ បានយល់ឃើញ ដឹងលឺដូច្នេះបុរសប្ដីប្រពន្ធ នាំគ្នាខំសង្កេតពិនិត្យមើលរូបរាង អាកប្បកិរិយារិកពារនាយកំលោះនោះ ហើយក៏មាន
ជំនឿជឿជាក់ថាពិតជាកូនរបស់ខ្លួនប្រាកដមែន។ អ្នកប្រាជ្ញ និង នាងតន់ បានដាក់ឈ្មោះអោយថា ព្រហ្ម។ ចៅព្រហ្មមាន
កំពស់៦ហត្ថ (១ ហត្ថមានប្រវែងប្រហែល ០,៥០ម)។

ថ្ងៃមួយ អូវពុកម្ដាយទាំងពីរនាក់ នឹកគិតចង់រៀបចំទុកដាក់កូនចៅអោយមានគ្រួសារ គាត់បាននាំគ្នាចូលទៅសុំចងស្ពាន មេត្រី ស្ដីដន្ដឹងនាងកែសនី បុត្រីពញាស្រី និង នាងកែវ ទុកដាក់ជាភរិយាគូគាប់ចៅព្រហ្ម។ ចៅព្រហ្មអាយុបាន៥៨ឆ្នាំ
អូវពុកម្ដាយចែកស្ថានចាកចោលទៅ ដោយទុកគោញីមួយនឹម សំបុរត្នោត និង ពណ៌ស ជាកេរ្ដិ៍។ ពីថ្ងៃនោះមក ចៅព្រហ្ម និង នាងកែសនី ពីរនាក់ប្ដីប្រពន្ធ រកស៊ីទិញគោលក់គោ រហូតទាល់តែមានបានទ្រព្យសម្បត្ដិធនធានសំបូណ៌ហូរហៀរ យ៉ាងច្រើន មានមនុស្សខ្ញុំកំដរ បំរើដល់ទៅ៥០០នាក់ អ្នកស្រុកអ្នកភូមិ បានដាក់ឈ្មោះអោយថា តាព្រហ្មឈ្មួញគោ។

សម័យកាលមួយ តាព្រហ្ម និង ភរិយានាំមនុស្សម្នាខ្ញុំបំរើចេញទៅលក់គោនៅតំបន់ក្រៅ។ ទៅដល់តំបន់ថ្ពង គេនាំគ្នា
ឈប់សំរាកយកកំលាំងក្រោមដើមឈើទាល នាងកែសនីចាប់ផ្ដើមដាំស្លចំអិនអាហារបាយទឹក គ្រានោះ តាព្រហ្មដែល ផ្អែកខ្នងទៅលើដើមឈើទាលងើបក្បាលក្រលេកមើលលើ ស្រាប់តែប្រទះឃើញពស់វែកធំពីរ, មួយឈ្មោលមួយញីធំ ដូចដើមត្នោតប្រវែងប្រហែល១២ព្យាម (១ព្យាម មានប្រវែងប្រហែលជា២ម៉ែត្រ) កំពុងតែរួតរិតរមូលខ្លួនខ្មាញ់រួមរក្ស សង្វាសគ្នាលើមែកឈើ។ តាព្រហ្ម ក៏ស្ទុះទៅរើសចាប់យកដុំថ្មមួយផ្ទាំងធំយ៉ាងធ្ងន់ គប់ចោលសំដៅសំលាប់ពស់វែក ទាំងពីរ។ រំពេចនោះ ទេវតានៅដើមជ្រៃ ដែលថែរក្សាទឹកដីព្រៃភ្នំក៏តំនែងខ្លួនជាសមណសង្ឃនិមត្ដដើរតំរង់មករក តាព្រហ្ម។ តាព្រហ្ម និង នាងកែសនីរីករាយណាស់ បាននិមន្ដព្រះសង្ឃអោយចូលទៅគង់ ហើយពិតទូលលោកអំពី
ហេតុការណ៍ដែលទើបតែកើតមាន។ ព្រះសមណបានមានពុទ្ធដិការបញ្ជាក់ថា ពស់ទាំងពីរនេះជាពស់វែកភ្នំ ហើយក៏ជា
ពស់របស់ព្រះអង្គ។ ព្រះអង្គបានបន្ដទៅទៀតថា ពស់វែកភ្នំទាំងពីរចង់សាកល្បងមហិទ្ធិរិទ្ធ ជាមួយនិងតាព្រហ្ម។ អិលូវ ពស់វែកភ្នំនោះចាញ់ហើយ ដូច្នេះក្នុងរយៈពេលមួយឆ្នាំទៀត តាព្រហ្មនិងមានសំនាងដល់ពេលបានឡើងសោយរាជ សម្បត្ដិប្រទេសកម្ពុជា ហើយ និងបានការពារលើកស្ទួយតំលើងព្រះពុទ្ធសាសនាជាមិនខាន។ មានពុទ្ធដិការទស្សន៍ទាយ
ចប់ដល់ត្រឹមនេះ ព្រះសាមណេរ និង ពស់វែកភ្នំទាំងពីរក៏បំបាំងខ្លួនបាត់មួយរំពេចទៅដែរ។

តាព្រហ្មនឹកឆ្ងល់ណាស់ ក៏សំរេចចិត្ដមិនធ្វើដំនើរនាំគោទៅលក់អែកំពង់សោមទេ។ គាត់នាំប្រពន្ធ អ្នកបំរើ និង គោ
ត្រលប់មកកោះរិស្សីកែវវិញ។ ធ្វើដំនើរមកដល់ស្ទឹងទទឹងថ្ងៃ គាប់ជួនពេលព្រលប់យប់មកដល់ តាព្រហ្មនាំគ្នាឈប់សំ
រាកនៅទីនោះ យប់នោះតាព្រហ្មសុបិនឃើញព្រះមួយអង្គ យកព្រះអាទិត្យមកប្រគល់អោយគាត់។ ងើបភ្ញាក់ពីនិន្រ្ទា
តាព្រហ្មនឹកពិផលក្នុងចិត្ដណាស់ នាំភរិយាចុះទូកអុំទៅវត្ដកោះស្លាកែត ដើម្បីសុំលោកគ្រូចៅអធិការទស្សន៍ទាយមើល ជោគជតាវាសនារបស់ខ្លួន។ មកដល់ទន្លេបួនមុខ ភ្លៀងព្យុ្ះសង្ឃរាមួយយ៉ាងធំបានបោកបក់មកលើ ធ្វើអោយទូក
តាព្រហ្មលិចលង់កន្ដាលទន្លេ។ រហ័យដូចភ្លេកបន្ទោរ តាព្រហ្មចាប់កញ្ឆក់ដៃនាងកែសនីហក់លោតផ្លោតទៅដល់ត្រើយ។ កន្លែងនោះមានឈ្មោះថា ជ្រោយតាព្រហ្ម ជាប់រហូតមកដល់សព្វថ្ងៃ។ ឆ្លងផុតគ្រោះថ្នាក់លង់ទូកហើយ តាព្រហ្ម និង ភរិយានាំគ្នាធ្វើដំនើរបន្ដទៅទៀត។ មកដល់ស្រុកកៀនស្វាយក្នុង ស្រាប់តែមានខ្លាបង់បត់ពីរ ចេញមកដេញខាំ រកស៊ីប្ដីប្រពន្ធទាំងពីរ។ ប៉ុន្ដែតាព្រហ្មរហ័សជាង ចាប់ដំបងវាយសំលាប់ខ្លាទាំងពីរនោះបានដូចសេចក្ដីប្រាថ្នា។ បន្ទាប់មក គាត់លីខ្លាទាំងពីរ យកទៅប្រគេនលោកគ្រូមេវត្ដ។

ដោយសង្កេតមើលឃើញ និង ស្គាល់គ្រប់អស់ភិនភាគនិស្ស័យតាព្រហ្ម លោកគ្រូចៅអធិការយល់ស្គាល់ច្បាស់ថា តាព្រហ្ម
ជាអ្នកមានបុណ្យ ដែលត្រូវសោយរាជក្នុងប្រទេសកម្ពុជា និង ត្រូវលើកស្ទួយតំកើងព្រះពុទ្ធសាសនាទៅអនាគត។ តែ
តាព្រហ្មមិនបានអាយុវែងទេ ពីព្រោះគាត់មានកម្មពៀរវេរា ដោយបានសំលាប់ពស់ទាំងពីរ និង ខ្លាទាំងពីរ។ ព្រះគ្រូចៅ
អធិការ បានមានពុទ្ធដិការបញ្ជាក់ប្រាប់តាព្រហ្មថា គាត់នឹងបានឡើងសោយរាជ ហើយនិងត្រូវការពារព្រះពុទ្ធសាសនា។
ព្រះសង្ឃបានចង្អុលបង្ហាញ អោយធ្វើដំនើរតំរង់ទៅតាមទិសខាងជើងឆៀងខាងកើត នោះនឹងបានសំរេចដូចសេចក្ដីប្រាថ្នា ជាមិនខាន។

ឆ្នាំរកាព.ស១៤៩៤ត្រូវជាគ.ស៩៥១ តាព្រហ្មអាយុបាន១០២ឆ្នាំ។ គ្រានោះ តាព្រហ្មនិងភរិយា ព្រមទាំងខ្ញុំកដរប្រុសស្រី នាំហ្វូងគោឆ្លងកាត់ទន្លេ ទៅដល់ភូមិអារិយក្សត្រ បន្ដទៅដល់ពាមផ្កាយម្រេច ឆ្លងទៀតទៅដល់ស្រុកជីរោ សព្វថ្ងៃគឺ
ស្រុកត្បូងឃ្មុំ រហូតទៅដល់ខេត្ដកំពុងចាម និង កំពង់សៀម (នៅកំពុងសៀម ក្នុងខេត្ដកំពង់ចាម រូងភ្នំ ជាកន្លែងដែល
តាព្រហ្មរក្សាទុកដាក់ស្នា មានឈ្មោះថាតុតាព្រហ្មជាប់រហូតរៀងមក) តាព្រហ្មនិងភរិយានាំគ្នារៀបចំសង់ទីលំនៅនៅ
ទីនេះហើយប្រកបមុខរបរកសិកម្មធ្វើស្រែចំការនិងចិញ្ចឹមគោ។

ថ្ងៃមួយ តាព្រហ្មនាំខ្ញុំកំដរ និង គោទៅលក់អែមហានគរ។ គ្រានោះ, ព្រះអិន្រ្ទព្រះព្រហ្មទេពតាតូចធំ គុណបុណ្យបារមី
និង វត្ថុស័ក្ដិសិទ្ធទាំងឡាយបានបង្កើតធ្វើអោយស្នូរជើងគោត្រដោកលាន់លឺសូរគគ្រឹកគគ្រេងទ្រហឹងអ៉ឹងកង ខ្ទខ្ទារសុស
សាយពាសពេញព្រៀបមកលើមហានគរ។ សព្វអស់នាម៉ឺនមុខមន្រ្ដី និង ប្រជាពលរដ្ឋ ដែលកំពុងតែដោះស្រាយបញ្ហា
ស្នងរាជ្យបន្ដពីស្ដេចពាល រឺព្រះសេណ្ណ័ករាជ្យ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខំងាកក្រលេកសំលឹងមើលទៅតាមទិស
ដែលលឺសូរស្នូរសំលេង ក៏ស្រាប់តែឃើញមានអិន្ទចន្ទប្រាំពីរជាន់ ប្រក់ព្រំការពារពីលើតាព្រហ្ម ដូចជាគេបាំងក្លស់អោយ។ ក្លស់អិន្ទចន្ទនោះ មានពណ៌ចំរុះ ខៀវ ស បៃតង ក្រហម លឿង មើលទៅគួរអោយអស្ចារ្យសំបើមពេកក្រៃ។

ដោយយល់ឃើញថា តាព្រហ្មជាមនុស្សមានបុណ្យបារមី មានអាយុវែងជាងមនុស្សធម្មតា ប្រជានុរាស្រ្ដខ្មែរទូទៅ ព្រម
ទាំងនាម៉ឺនមុខមន្រ្ដីបានចុះសំរុងមូលមតិគ្នា សុំអោយគាត់ឡើងគ្រប់គ្រងរាជសម្បត្ដិប្រទេសកម្ពុជា។ តាព្រហ្មឈ្មួញ
គោបាននាំមកនូវសេចក្ដីសុខក្សេមក្សាន្ដ សន្ដិភាព ចំរុងចំរើន គ្រប់ប្រការដល់ប្រទេសជាតិ។ ព្រះអង្គក៏បានទទួល គោរម្យនាមជា ព្រះបាទព្រហ្មចក្រព័ត្រាធិរាជ។ សោយរាជបាន៦ឆ្នាំ ព្រះអង្គបានចូលទីវង្គតក្នុងព្រះជន្ម១០៨វស្សា។ ពង្សាវតារវត្ដទឹកវិលបានបញ្ជាក់ថា ព្រះអង្គបានកសាងប្រាសាទជាច្រើន ដូចជាប្រាសាទតាព្រហ្មជាដើម។

No comments:

Post a Comment