Friday, June 10, 2011

ព្រឹត្ដិការណ៍ក្នុងរាជ្យ ព្រះកេតុមាលា


អង្គព្រហ្មមានបងប្រុសម្នាក់ និង ប្អូនប្រុសម្នាក់ដែលមានម្ដាយខុសគ្នា តែមានអូវពុកតែមួយ គឺ ព្រះកេតុមាលា។ ក្នុងចំនោមបុត្រទាំងបីអង្គនេះ គ្មានអង្គណាមួយបានសោយរាជ្យបន្ដពីព្រះបិតា ព្រះបាទកេតុមាលាឡើយ។ ព្រះអង្គទេវង្ស កូនច្បង បានប្រសូត្រក្នុងឆ្នាំជូត ហើយសុគតនៅឆ្នាំរកា ក្នុងព្រះជន្ម៨២ឆ្នាំ។ ដោយព្រះអង្គអារឹសកូន ព្រះអង្គគ្មាន កូនចៅសំរាប់បន្ដព្រះរាជវង្សទេ។ ព្រះអង្គទេវេសបុត្រពៅបានប្រសូតក្នុងឆ្នាំម្សាញ់ ហើយបានសុគតនៅឆ្នាំជូត ក្នុងព្រជន្ម៩៥វស្សា។
ចំពោះប្រវត្ដិព្រះកេតុមាលា ពង្សាវតារវត្ដទឹកវិល បានសរសេររៀបរាប់បន្ថែមយ៉ាងក្បោះក្បាយជាច្រើនទៀត។ ព្រះ កេតុមាលា ដោយសារព្រះអិន្រ្ទាធិរាជ បានធ្វើអន្ដរាគមយាងចុះមកស្រោចទឹកអភិសេកថ្វាយ(៤) មានព្រះជន្មយឺនយូរ ណាស់។ ម្យ៉ាងវិញទៀត ដោយសារព្រះជន្មវែងយឺនយូរដ៏អស្ចារ្យនេះ ព្រះកេតុមាលាត្រូវមានមហេសី ស្រីស្នំ មីនំមីនាង
ភីលៀងទាំងអស់ប្រាំជំនាន់ ជំនាន់ទីមួយ ក្នុងឆ្នាំឆ្លូវ និង ខាល ត្រូវជាឆ្នាំ១០២-១០៣ មហាសករាជ ជំនាន់ទី២ ក្នុងឆ្នាំរកា ត្រូវជាឆ្នាំ១៥៧ ម.ស និងបន្ទាប់មកក្នុងឆ្នាំ១៥៨-១៥៩ម.ស ជំនាន់ទី៣ ក្នុងឆ្នាំមមែត្រូវជាឆ្នាំ២០៤ម.ស និងក្នុងឆ្នាំ២០៥ -២០៦ម.ស ជំនាន់ទី៤ ក្នុងឆ្នាំថោះត្រូវជាឆ្នាំ២៦០ម.ស និងក្នុងឆ្នាំ២៦១-២៦២ម.ស និងជំនាន់ទី៥ ជាជំនាន់បង្ហើយ ក្នុងឆ្នាំមមែ ត្រូចជាឆ្នាំ៣០០ម.ស និង ៣០១-៣០២ម.ស។ ព្រះអង្គមានព្រះរាជបុត្រាបុត្រីជាច្រើន ដែលព្រះអង្គ ចែកចាយអោយមានងារតំនែង និង ប្រគល់បេសកម្មអោយទៅត្រួតត្រាទឹកដីខេត្ដខ័ណ្ឌ ក្នុងព្រះរាជណាចក្រផ្សេងៗពីគ្នា។

នៅឆ្នាំច ៣៦៣ម.ស ជាមួយនិងអ្នកម៉ែនាងមាលាបទុម ព្រះកេតុមាលា បានមានបុត្រីមួយអង្គព្រះនាមបទុមមាលា អាយុ១៦ឆ្នាំ ព្រះនាងត្រូវបនរៀបចំអភិសេកជាមួយនិង ព្រះអង្គធនញ្ជ័យ ដែលជាកូនរបស់ព្រះអង្គកែវ(៥)។

(
៤=ថ្ងៃព្រះអិន្រ្ទអភិសេក ត្រុវបានគេចាត់ទុកជាឆ្នាំទី១ ក្នុងមហាសករាជ ប៉ុន្ដែចំនោទស្ថិតនៅត្រង់អែកសារផ្សេងៗ មិនបានចុះសំរុងគ្នា ក្នុងការកំនត់ថ្ងៃអភិសេក។ បើតាមអ្នកស្រាវជ្រាវបរទេស ដូចជាលោក F.Gfaraut មហាសក រាជចាប់ផ្ដើមនៅថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំថោះ ព.ស៦២៣ ត្រូវជាថ្ងៃ ១៧មិនា គ.ស ៧៩។ ៥ = ក្នុងចំនោមកូន ទាំងប៉ុន្មានរបស់ព្រះកេតុមាលា មានក្សត្រមួយព្រះអង្គព្រះនាមអង្គកែវដែរ។)

ក្នុងរាជព្រះអង្គ គេកត់សំគាល់ដឹងថា ស្ដេចចាម ដែលចំនុះព្រះមហាក្សត្រខ្មែរ ហើយដែលគ្រប់គ្រងខេត្ដបាទី បាយ៉ង់ កោ លើកដែក បាសាត ស្លាកែត និង ត្បូងឃ្មុំ បានបះបោរប្រឆាំងមិនព្រមគោរពតាមបទបញ្ជាកូនព្រះកេតុមាលា។ ចំបាំងរាំងជលរវាងខ្មែរ និង ចាមក៏កើតផ្ទះឡើងយ៉ាងខ្លាំងក្លា។ ស្ដេចចាមទាំងប៉ុន្មាន ត្រូវបរាជ័យ ហើយត្រូវក្សត្រខ្មែរ សំលាប់ដេញកំចាត់ចោលអស់ លើកលែងតែស្ដេចចាមស្រុកបាសាត និង ស្រុកស្លាកែត ដែលបានគេចរត់រួចខ្លួន។

ព្រឹត្ដិការណ៍មួយទៀត ដែលគេអាចចងចាំបាននោះ គឺនៅឆ្នាំ១៥ម.ស ព្រះកេតុមាលាបាននាំពលរេហ៍ និង ទ័ពដំរីទៅ ក្រសាលលេងនៅ ភ្នំដងរែក។ ព្រះអង្គបានទទួលដំនឹងមកថា មានដំរីពីរធំៗ មានភ្លុកវែងល្អ ហើយមានសំបុរពណ៌ស ទៀត។ ដំរីនិមួយៗ មានដំរីស្ដប្រាំបីអិតភ្លុកចាំបំរើរកចំនីអាហារយកមកអោយ។ ក្រៅពីនេះ មានហ្វូងដំរីពីរផ្សេងទៀត ចាំថែរក្សាការពារដំរីសទាំងពីរ។ ព្រះកេតុមាលា ទ្រង់សព្វព្រះទ័យអោយហ្មដំរីខ្មែរ លាវ ភ្នង រៀបចំចេញទៅទាក់ដំរី សទាំងពីរ។ ក្នុងគ្រាដែលចាប់បានដំរីសទាំងពីរ ស្រាប់តែមានដំរីព្រៃមួយយ៉ាងធំ កំពស់ ១២ហត្ថ មានភ្លុកវែង បោលសំ រុកយ៉ាងលឿនស្លេវសំដៅទៅបុកដំរីជំនិះព្រះកេតុមាលា ក្នុងខណៈនោះព្រះអង្គក៏ដកព្រះខ័នរាជរតនមង្គល កាប់សំលា ប់ដំរីនោះដាច់ជាបីកំនាត់។ អភូតហេតុដ៏ចំលែកក្នុងអោកាសនោះ គឺព្រះខ័នរាជ ដែលធ្វើដោយព្រះអិន្រ្ទាធិរាជ សំរាប់
ទុកមើលប្រផ្នូលប្រទេសជាតិ ត្រូវកោងរិចរិល។ ទតឃើញដូច្នោះ ព្រះកេតុមាលា ព្រះអង្គកើតមានសេចក្ដីសោក សង្រេងមានទុក្ខព្រួយក្នុងចិត្ដជាខ្លាំង។ ពីព្រោះព្រះអង្គយល់ថា តទៅអនាគត ស្ដេចខ្មែរដែលសោយរាជ្យបន្ដពីព្រះអង្គ មិនសូវមានបុណ្យបារមី និង សមត្ថភាពគ្រប់គ្រាន់ឡើយ។ ភាពចលាចល ច្របូកច្របល់ អន្ដរកប្ប និង កើតមានពា
សពេញស្រុកខ្មែរ។ ប្រទេសជិតឆ្ងាយ នឹង ឆ្លៀតអោកាសនេះ លួចប្លន់យកទឹកដីខ្មែរជាមិនខាន។ ដោយការឈឺចុកចាប់ ព្រួយបារម្ភខ្លាំងពេកចំពោះអាយុជីវិត អនាគតប្រទេសជាតិ ដែលទឹកដីនឹងត្រូវរួមតូចទៅៗ និង បណ្ដារាស្រ្ដ ដែល និងត្រូវជួបប្រទះទុក្ខព្រួយ មហន្ដរាយ ព្រាត់ប្រាស់ក្រុមញាតិគ្រួសារ ក្ដៅក្រហាយ ស្លាប់មិនចេះចប់មិនចេះហើយ ព្រះកេតុមាលាក៏ធ្លាក់ខ្លួន មានជំងឺជាទំងន់។

ព្រះកេតុមាលា រឺ ព្រអារដ្ឋពលពាសា ព្រះអង្គមានព្រះជន្មវែងណាស់។ ព្រះអង្គសោយរាជសម្បត្ដិប្រទេសកម្ពុជាបាន៣៩០ឆ្នាំ។ ព្រះអង្គបានចូលទីវង្គតនៅឆ្នាំមមីក្នុងព្រះជន្ម ៤០៥វស្សា។

កំនត់សំគាល់
១ ទស្សននយោបាយខ្មែរ សម័យមហានគរ ក្នុងការជ្រើសរើសព្រះមហាក្សត្រ មិនមែនប្រកាន់យកតែពូជពង្សស្ដេចនោះទេ។ បុព្វបុរសខ្មែរ ក៏មិនបានកំនត់ដែរ ថាទាល់តែជាប់ឈាមជ័រខ្សែស្រលាយស្ដេចទើបមានសិទ្ធិឡើងសោយរាជសម្បត្ដិ។ បើយោលទៅតាមអែកសារប្រវត្ដិសាស្រ្ដខ្មែរយើងអាចកត់សំគាល់ឃើញថា ប្រជាពលរដ្ឋធម្មតា ទោះបីជាកូនអ្នកក្រីក្រតោកយាក រឺ កូនអ្នកមាន ទោះបីជាកូនកសិករ រឺ មានឋានៈដូចម្ដេចក៏ដោយ ដែលមានសមត្ថភាព
មានបុណ្យបារមី មានចំនេះវិជ្ជាបំភ្លឺប្រជានុរាស្រ្ដតូចធំ អាចមានលទ្ធភាព មានសិទ្ធិសេរីភាពគ្រប់គ្រាន់ នឹងឡើងសោយរាជ្យ ដឹកនាំប្រទេសជាតិតាមសេចក្ដីត្រូវការ និង តាមឆន្ទៈរបស់រាស្រ្ដ។ អ្នកវង្ស និង នាងទាវ ដោយសារដៃទិព្វមានសមត្ថភាព មានអុត្តមគតិ ចិត្ដគំនិតល្អ មានកេរ្ដិ៍ឈ្មោះល្បីល្បាញ ត្រូវបានបន្ដារាស្រ្ដ និង អស់សព្វនាម៉ឺនមុខមន្រ្ដី ទូទាំងនគរអញ្ជើញអោយឡើយសោយរាជសម្បត្ដិប្រទេសកម្ពុជា។ អែដៃទិព្វរបស់អ្នកវង្ស និង នាងទាវ គឺបុព្វបុរសខ្មែរ ចង់សំដៅទៅលើសមត្ថភាព ទៅលើការព្យាយាម ទៅលើសេចក្ដីអំនត់ចេះអត់ធន់ ដោយពឹងផ្អែតែលើកំលាំងខ្លួន យើងផ្ទាល់ មិនដេកចាំអ្នកជិតខាង រឺ បរទេស រឺ អិន្រ្ទព្រហ្មទេពតា ដើម្បីកសាងវាសនាអនាគតរបស់ខ្លួន ក្រុមគ្រួសារ និង ប្រទេសជាតិ។ ដៃនេះជាអុបករណ៍ដ៏ចំនានដែលអាចធ្វើអោយយើងមានទ្រព្យសម្បត្ដិច្រើនហូរហៀរ ដូចជាមាសប្រាក់ និង ពេជសូរកាន មានកិត្ដិតយសមានកិត្យានុភាពជាដើម៘ ហើយចង់មានបាន ចង់ធ្វើអ្វីអោយបានសំរេចដូច ក្ដីប្រាថ្នា គេត្រូវតែចេះប្រើដៃទាំងពីររបស់ខ្លួនអែងផ្ទាល់ ដោយរំពឹងលើខ្លួនអែងតែមួយគត់ប៉ុណ្ណោះ។

តាព្រហ្មឈ្មួញគោ ក៏មានប្រវត្ដិដូចគ្នានេះដែរ គាត់ជាកូនកសិករ នៅចុងកាត់មាត់ញកដាច់ស្រយាលឆ្ងាយអំពីមហានគរ គាត់គ្មានជាប់ឈាមជ័រខ្សែស្រលាយព្រះញាតិវង្សស្ដេចទេ ហើយគាត់ក៏មិនដែលទាមទារតវា អះអាង រឺ ប្រឌិតថា គាត់ជាស្ដេចដែរ ដោយសារការតស៊ូខំប្រឹងប្រែងអុស្សាហ៍ព្យាយាមអំនត់ ចាប់ពីបាទដៃទទេ មានតែគោញីមួយនឹម ដែលអូវពុកម្ដាយទុកអោយជាកេរ្ដិ៍ តាព្រហ្ម និង ភរិយាកែសនី បានរកស៊ីមានបាន មានខ្ញុំកំដរ៥០០នាក់ មានទ្រព្យស ម្បត្ដិច្រើនលើសលប់។ ដូច្នេះហើយបានជាកិត្ដិយស កត្ដិនាម សមត្ថភាពគាត់ ល្បីល្បាញលាន់លឺសូរសុះសាយ គ្រប ដន្ដប់ពាសពេញនគរ។ ចំនែកអែស្នូរជើង និង ត្រដោកគោដែលព្រះអិន្រ្ទព្រះព្រហ្មទេពតាធ្វើអោយលាន់លឺរំពងខ្លាំងគគ្រឹកគគ្រេង សង្កត់ពាបមកលើមហានគរនោះ គ្មានអ្វីក្រៅពីកេរ្ដិ៍ឈ្មោះ សមត្ថភាពចំនេះវិជ្ជាតាព្រហ្ម និង ភរិយានា
ងកែសនីនោះឡើយ។ គឺកេរ្ដិ៍ឈ្មោះ និង សមត្ថភាពនេះហើយដែលជំរុញអោយប្រជានុរាស្រ្ដខ្មែរជ្រើសរើសតាព្រហ្មជាព្រះមហាក្សត្រ។

២ - ដូចនេះ អ្នកគ្រប់គ្រងដឹកនាំប្រទេសជាតិ ត្រូវតែជាមនុស្សមានសមត្ថភាព មានការចេះដឹង ស្គាល់ខុសស្គាល់ត្រូវចេះការពារទឹកដីជាតិមាតុភូមិ មានចិត្ដសន្ដោសប្រោសប្រណី មានមនុស្សធម៌ ចេះស្រលាញ់ និង គោរពយុត្ដិធម៌ ចេះស្រលាញ់គោរពអានិតអាសូរ និង ជួយអុបត្ថម្ភផ្គត់ផ្គង់ទំនុកបំរុងថែរក្សាការពារប្រជាជនគ្រប់ជាន់ថ្នាក់ ដោយគ្មានរើសអើង រឺ ប្រកាន់ក្រុមបក្សពួក។ អ្នកគ្រប់គ្រងប្រទេសជាតិ សំខាន់ទៅទៀតនោះ មិនត្រូវភ្លេចខ្លួន ឆ្គួតវង្វេងភ្លេចភ្លាំង
ហោះហើរ ឈ្លក់ក្នុងជំនោរអំនាចនេះឡើយ។ ការដឹកនាំគ្រប់គ្រងនគរ មិនមែនស្ថិតនៅលើការដន្ដើមក្ដាប់យកអំនាចនោះទេ គឺស្ថិតនៅលើការកសាង។

អ្នកដឹកនាំជាតិត្រូវតែមានសមត្ថភាព និង គុណសម្បត្ដិក្នុងការនាំមកនូវសេចក្ដីសុខក្សេមក្សាន្ដ ចំរើនលូតលាស់ដល់ ប្រទេសជាតិ ដូចអ្នកវង្ស-នាងទាវ តាព្រហ្ម-កែសនី៘ ព្រះមហាក្សត្រ និង អ្នកដឹកនាំ ល្អ រឺអាក្រក់ គេអោយតំលៃ ទៅលើការកសាង ទៅលើអំពើធ្វើ។

៣ - អ្នកដឹកនាំនយោបាយខ្លះ មានជំនឿយល់ថា បើមានអំនាច នោះគឺខ្លួនខ្លាំងពូកែអស្ចារ្យធ្វើអ្វីតាមតែអំពើចិត្ដនឹកក៏បានដែរ។ ហើយក៏គ្មាននរណាម្នាក់ហ៊ានជំទាស់ប្រឆាំងទៀត។ ចំពោះគេ ច្បាប់ទំលាប់គេបត់បែនទៅតាមបបូរមាត់ និង អន្ដាតរបស់គេ។ ត្រង់នេះ, គេហៅថា ឆ្គួតវង្វេងនិងបុណ្យសក្ដិ ដែលព្រះអិន្រ្ទាធិរាជ និង បុព្វបុរសខ្មែរយើងលោកភ័យខ្លាចជាងគេបំផុត ពីព្រោះស្ដេច រឺ មនុស្សយើងម្នាក់ៗ កាលបើបានឡើងធ្វើជាស្ដេច រឺ បានកាន់អំនាច បា
នធ្វើធំមានមុខដំនែងខ្ពង់ខ្ពស់ច្រើនតែឆ្គួតលីលា, វង្វេងវង្វាន់ភ្លេចភ្លាំងបាត់អស់ស្មារតី លែងចេះថ្លឹងថ្លែងវិនិច្ឆ័យរកល្អអាក្រក់ ភ្លេចអស់សីលធម៌ ភ្លេចអស់បុណ្យបាប ភ្លេចអស់ទសពិធរាជធម៌ ភ្លេចអស់ជាតិ, ភ្លេចអស់រាស្រ្ដ, ភ្លេចអស់សាសនា។ ដូចព្រះកេតុមាលា ដែលយើងបានឃើញស្រាប់។

៤ - ដូច្នេះដើម្បីទប់ទល់ស្ដេច និង អ្នកកាន់អំនាច កុំអោយធ្លាក់ទៅក្នុងជ្រោះមហន្តរាយអបាយមុខពាលា អលីលធម៌ផ្ដាច់ការ ដែលនាំអោយប្រទេសជាតិរងគ្រោះថ្នាក់ហិនហោចលិចលង់ គេត្រូវតែចេះរៀបចំច្បាប់ទំលាប់ក្រិត្យក្រមធម្មវិន័យ និង ស្ថាប័នរចនាសម្ព័ន្ធ ធ្វើជាមូលដ្ឋានគ្រិះរបស់ជាតិ ដូចដែលព្រះអិន្រ្ទាធិរាជ ព្រមទាំងបុព្វបុរសខ្មែរយើងលោកបានបង្ហាញបង្កើតទុកថ្វាយព្រះកេតុមាលា។ ស្ដេច រឺ អ្នកកាន់អំនាចត្រូវតែគោរព និង អនុវត្ដទៅតាមគន្លងច្បា
ប់ បទបញ្ញាតិទំនៀមទំលាប់ដែលមានកំនត់មកក្នុងសង្គមជាតិជាដាច់ខាត។ បើពុំនោះសោតទេ ស្ដេច រឺ អ្នកកាន់អំនាចនោះ និងត្រូវទទួលផលអាក្រក់គ្រោះថ្នាក់ផ្សេងៗគ្រប់បែបយ៉ាង ដែលគេមិនអាចប៉ាន់ស្មានមុនជាមិនខាន។ អែក្នុងប្រទេសជាតិវិញ ភាពក្ដៅក្រហាយ ចលាចល គ្មានសន្ដិសុខ សុខសប្បាយក្សេមក្សាន្ដ ក៏នឹងផ្ទុះកើតមានឡើងជាស្វ័យប្រវត្ដិជៀសមិនរួចដែរ។

៥ -ដើម្បីអោយស្គាល់បរិយាកាសពិតប្រាកដ ដែលកើតមានក្នុងសង្គមជាតិ គេត្រូវតែមើលសំអាងទៅលើប្រផ្នូលនៅភ្នំបានន់ និង នៅតាមខេត្ដផ្សេងៗ ដែលរៀងរាល់ឆ្នាំអ្នកថែរក្សា រឺ ចៅហ្វាយខេត្ដនិមួយៗត្រូវតែនាំយកមក ធ្វើរបាយការណ៍ថ្វាយព្រះរាជា។ ចំនុចត្រង់នេះគេចង់បញ្ជាក់ថា ក្នុងកិច្ចការគ្រប់គ្រងប្រទេសជាតិ ស្ដេច រឺ អ្នកដឹកនាំទទួលខុសត្រូវនគរ ត្រូវតែចេះស្ទាបស្ទង់មើលមតិមហាជន អោយដឹង ស្គាល់ យល់ស្ថានភាពពិតប្រាកដក្នុងនគរ។ បើពុំនោះសោតទេគេមិនអាចគ្រប់គ្រង ដឹកនាំនគរបានឡើយ។

៦ - នៅក្នុងរឿងព្រេងនិទាន គឺជាការចំអករបស់បុព្វបុរសខ្មែរ ចំពោះជោគវាសនាបុរសប្ដីប្រពន្ធ អ្នកវង្ស និង នាងទាវពីរនាក់ប្ដីប្រពន្ធនេះ គ្មានបុណ្យបារមី រឺ សមត្ថភាពអ្វីទាំងអស់។ គ្រាន់តែបានបរិភោគសាច់ទ្រូង និង សាច់ភ្លៅមាន់ខ្មៅ ភ្លាមកាលណា ដោយមិនបាច់ខំ ហើយមិនបានដឹងខ្លួនជាមុនផង គាត់ទាំងពីរនាក់ ក៏បានឡើងសោយរាជសម្បត្ដិប្រទេសកម្ពុជាមួយរំពេចដែរ។ អ្នកនិពន្ធចង់ចង្អុល និយាយសំដៅទៅលើជំពូកមនុស្សមួយចំនួន ដែលគ្មានបានរៀនសូត្រគ្មានសមត្ថភាព គ្មានអុត្តមគតិជាតិអ្វីទាំងអស់ ប្រព្រឹត្តិតែអំពើពាលាអបាយមុខព្រៃផ្សៃថោកទាប ហើយស្រាប់តែបានទទួលអំនាច បុណ្យសក្ដិ កិត្ដិយស មានទ្រព្យសម្បត្ដិលុយកាក់ ក្លាយទៅជាអ្នកស្នេហាជាតិ។

៧ - បញ្ហាមួយទៀត ដែលយើងត្រូវចាប់អារម្មណ៍ គឺនៅក្នុងប្រជុំរឿងព្រេងខ្មែរភាគទី៥ ព្រះពិសនុការ អ្នកសាងនគរវត្ដថ្វាយព្រះកេតុមាលា ជាកូនចិនទៅវិញ គឺគេបានអួតសរសើរអំពីសមត្ថភាពចិន គេចាត់ទុកជាគុណបំណាច់របស់ចិនអិរិយាបថ និង លក្ខណៈនេះយើងអាចចាត់ទុកជាចលនាប្រតិកិរិយា ដែលប្រើវិធីវាយបន្លំបំភាន់ស្មារតី បន្ទាបបន្ថោកបំបាត់អត្ដសញ្ញាណខ្មែរតាមរយៈអក្សរសាស្រ្ដ ចលនាអក្សរសាស្រ្ដរបៀបនេះ ក៏អាចសអោយយើងដឹងយ៉ាងច្បាស់ដែរអំពីបំណងគោលដៅរបស់បរទេសចំពោះប្រទេសខ្មែរ។

No comments:

Post a Comment