Sunday, June 12, 2011

របៀបធ្វើ ចៅហន

គ្រឿងផ្សំ
បង្កង, ត្រីរស់, សាច់គោ, ថ្លើមគោ, សាច់មាន់, សណ្តែកបណ្តុះ, ជីគ្រប់មុខ, សាឡាត់, ស្ពៃក្រញ៉ាញ់ ឬស្ពៃក្តោប, ត្រសក់, ពងទា, ទឹកត្រី, ស្ករ, សណ្តែកដី, ទឹកខ្មេះ, ខ្ទឹមស, ខ្ទឹមក្រហម, ប៉ិកគក់, ខ្លាញ់ទឹក, គូគីវ, សៀងផ្អែម។

វិធីធ្វើ

ត្រូវស្ងោរទឹកស៊ប់ជាមួយឆ្អឹងជ្រូក ហើយបង់ម្សៅស៊ុបបន្តិច។ យកសាច់ទាំងប៉ុន្មានមុខនោះមកហាន់ ជាបន្ទះស្តើងៗដាក់ចានទុកមួយកន្លែង។ ឯសាច់ត្រីរស់ត្រូវពន្លាស់យកស្បែកចេញ។ ជីបេះលាងទឹក អោយស្អាត ត្រសក់ចិតសំបកហើយសាប់ហាន់ជាចំណិតស្តើងៗ។ ស្ពៃក្រញ៉ាញ់យកតែស្លឹកហាន់ អោយល្អិត សាឡាត់កាត់ជាកំណាត់ខ្លីៗ។ សណ្តែកបណ្តុះលាងទឹករួចក្តិចឬសអោយស្អាត់ រួចយក បន្លែទាំងប៉ុន្មានមុខនេះមកច្របល់លាយជាមួយគ្នាដាក់មួយចានផ្សេង។ យកខ្ទះដាក់ខ្លាញ់អោយក្តៅ រួចយកខ្ទឹមសបកសំបកចិញ្ជ្រាំអោយល្អិត មកដាក់បំពងជាមួយខ្លាញ់អោយឡើងក្រហម ដួសដាក់ កូនចានមួយទុក។ ប៉ិកគក់ហាន់ជាសរសៃរឆ្មាៗ ខ្ទឹមស និងក្រហម បកសំបកហាន់ជាបន្ទះស្តើងៗ។ សណ្តែកដីលីងបកសំបកបុកកំអោយម៉ដ្ឋពេក រួចយកដាក់លាយជាមួយគ្នា ចាក់ទឹកត្រី ទឹកខ្មេះ ស្ក ភ្លក្សមើលអោយល្មម។ ឯគូគីវនិងសៀងផ្អែមត្រូវដាក់និងកូនចានមួយផ្សេង។
ដល់ពេលបរិភោគ ត្រូវដួសទឹកស៊ប់ដាក់ក្នុងឆ្នាំងភ្លើង ដាក់ភ្លើងដាំអោយពុះ។ ពងទាគោះដាក់ចាន វាយអោយបែក រួចយកមករាយដាក់ក្នុងទឹកស៊ប់ ចាក់ទឹកខ្មេះ រួចសឹមយកខ្ទឹមដែលបានបំពងនោះ មកចាក់កូរអោយសព្វ។

ពេលបរិភោគគេប្រើចង្កឹះ ឬសមចាក់សាច់ឆៅនោះមកជ្រលក់ក្នុងទឹកស៊ប់ដែលដាំពុះ រួចសូមជ្រលក់ និងទឹកត្រីដាក់បន្លែតាមត្រូវការជាការស្រេច។

No comments:

Post a Comment